ដឹងអត់ថាគេងមិនគ្រប់គ្រាន់ ក៏អាច​ប៉ះពាល់ដល់ការមានកូនដែរ!

  • ព្រហស្បតិ៍ ២២ កញ្ញា, ២០២២ ១៦:១០
គេង​មិន​គ្រប់គ្រាន់​ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ធ្វើ​ឲ្យ​ឱកាស​មាន​កូន​ថយ​ចុះ​ដូច​គ្នា​ដែរ។គ្នា​យើង​ប្រហែល​ជា​ដឹង​ហើយ​ថា ការ​គេង​មិន​គ្រប់គ្រាន់​អាច​​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រសិទ្ធភាព​ការងារ ប៉ុន្តែ​បញ្ហា​នេះ​ក៏​ប៉ះពាល់​ដល់​​ការ​បញ្ចេញ​អ័រម៉ូន​របស់​ស្រី​ៗ​ពេញ​មួយ​វដ្ដ​រដូវ​ដូច​គ្នា។ អ្នក​ដែល​ព្យាយាម​យក​កូន​ ចាំបាច់​ត្រូវ​គេង​​ឲ្យ​បាន​គ្រប់គ្រាន់​ នៅ​ចន្លោះ​ពី​៧ ទៅ​៨​ម៉ោង​ ដើម្បី​ពង្រឹង​កម្រិត​អ័រម៉ូន​progesterone, estrogen FSH និង​leptin ដែល​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​បន្ត​ពូជ។មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់​ នោះ​គឺ​ឧបករណ៍​អេឡិចត្រូនិក​ដែល​យើង​ប្រើប្រាស់​ជា​រៀង​រាល់​ថ្ងៃ។ ពន្លឺ​ពណ៌​ខៀវ​នៃ​ឧបករណ៍​ទាំង​នោះ អាច​ប៉ះពាល់​ដល់​បរិមាណ​នៃ​​អ័រម៉ូន​melatonin ដែល​មាន​តួនាទី​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​ និង​ការពារ​ស៊ុត ដូច្នេះ​ហើយ​ កង្វះ​អ័រម៉ូន​មួយ​នេះ អាច​ធ្វើ​ឲ្យ​គុណភាព​ស៊ុត​ថយ​ចុះ​ផង​ដែរ។ជាមួយ​គ្នា​នេះ​ដែរ ​ស្រី​ៗ​ជា​ច្រើន​ដែល​កំពុង​​ធ្វើការ​វេន​យប់ ​អាច​​មិន​ទាន់​ដឹង​ច្បាស់​ពី​ផល​ប៉ះពាល់​មក​លើ​រាងកាយ​យើង​នៅ​ឡើយ។ ជា​ទូទៅ ការ​ធ្វើការ​វេន​យប់​អាច​រំខាន​ដល់​ចង្វាក់​សកម្មភាព​ប្រចាំ​ថ្ងៃ​នៃ​រាង​កាយ​យើង និង​បណ្ដាល​ឲ្យ​មាន​បញ្ហា​អតុល្យភាព​អ័រម៉ូន កម្រិត​អ័រម៉ូន​estrogen ថយ​ចុះ និង​ធ្វើ​ឲ្យ​រដូវ​មក​មិន​ទៀង។ កត្តា​ទាំង​អស់​នេះ​ អាច​ធ្វើ​ឲ្យ​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​ធ្លាក់​ចុះ​។​ការ​គេង​គ្រប់គ្រាន់​មាន​សារៈសំខាន់​​ណាស់​ ជា​ពិសេស​​ចំពោះ​ស្រី​ៗ​ដែល​កំពុង​ព្យាយាម​យក​កូន។ ហេតុ​នេះ​ហើយ​ យើង​គួរ​តែ​អនុវត្ត​តិចនិក​មួយ​ចំនួន​ ដើម្បី​ជួយ​ឲ្យ​គេង​លក់​ស្រួល​ និង​គេង​បាន​​គ្រប់គ្រាន់។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet