កូនចូលដល់វ័យជំទង់ចេះតែខឹងមួម៉ៅច្រើន អាចមកពីមូលហេតុទាំង ៥នេះ!

ក្មេង​ជំទង់​ប្រឈម​នឹង​​បញ្ហា​ផ្លូវ​ចិត្ត​ជា​ច្រើន​ អំឡុង​ពេល​នៃ​ការអភិវឌ្ឍ​ និង​លូតលាស់​របស់​ខ្លួន ហើយ​​ទំនាក់ទំនង​រវាង​ប៉ា​ម៉ាក់ និង​កូន​ ក៏​​អាច​មាន​ការ​ប្រែប្រួល​ផង​ដែរ នៅ​ពេល​ដែល​ក្មេង​កាន់​តែ​មាន​ភាព​ឯករាជ្យ។ ពិត​ណាស់​ ប៉ា​ម៉ាក់​អាច​ពិបាក​​ប្រឈម​នឹង​បញ្ហា​មួយ​នេះ និង​​នាំ​ឲ្យ​មាន​ការ​ខក​ចិត្ត ច្របូកច្របល់​ ឬ​ជម្លោះ​រវាង​ប៉ា​ម៉ាក់​ ហើយ​និង​កូន​ផង​ក៏​មាន​។ ហេតុនេះ​ហើយ ការ​យល់​ដឹង​ពី​ឫសគល់​​នៃ​បញ្ហា​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ឲ្យ​យើង​ស្វែង​រក​ដំណោះស្រាយ​ដ៏​សមស្រប​ក្នុង​ការ​អប់រំ និង​ទូន្មាន​កូន​​ប្រកប​ដោយ​ប្រសិទ្ធភាព។​មាន​ហេតុផល​ជា​ច្រើន​ដែល​នាំ​ឲ្យ​កូន​ខឹង​មួម៉ៅ​ច្រើន​ជាង​ក្មេង​ៗ​ឯ​ទៀត ហើយ​មូលហេតុ​​មួយ​ក្នុង​ចំណោម​នោះ គឺ​​ប៉ា​ម៉ាក់​តែងតែ​គ្រប់គ្រង​កូន​ក្នុង​ការ​ធ្វើ​រឿងរ៉ាវ​ផ្សេង​ៗ ដែល​អាច​នាំ​ឲ្យ​កូន​ស្រ្តេស និង​ខឹង​ក្រេវក្រោធ​។ ជា​ទូទៅ ក្មេង​ជំទង់​ចង់បាន​ភាព​ឯករាជ្យ​ និង​ចង់​ពឹងពាក់​លើ​ខ្លួន​ឯង​ ក្នុង​ការ​សម្រេច​កិច្ចការ​ផ្សេង​ៗ។ទន្ទឹម​នឹង​នេះ​ដែរ អារម្មណ៍​របស់​កូន​នឹង​កាន់​តែ​តានតឹង​ជាង​រាល់​ដង នៅពេល​ចាប់​ផ្ដើម​ពេញ​វ័យ​ ដោយ​សារ​​មាន​ការ​បញ្ចេញ​​អ័រម៉ូន​testosterone និង​ estrogen ដែល​ធ្វើ​ឲ្យ​ក្មេង​ពិបាក​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍ ឬ​ប្រែប្រួល​អារម្មណ៍​ញឹកញាប់។ស្រ្តេស​ដែល​កើត​ចេញ​ពី​បញ្ហា​សង្គម​ សម្ពាធ​នៅ​សាលា និង​សកម្មភាព​ក្រៅ​សាលារៀន​ អាច​ធ្វើ​ឲ្យ​ក្មេង​ជំទង់​មាន​អារម្មណ៍​មួម៉ៅ និង​​ខឹង​សម្បារច្រើន​។ លើស​ពី​នេះ ការ​ខឹង​សម្បារ​នេះ​ក៏​អាច​បណ្ដាល​​មក​ពី​ព្រឹត្តិការណ៍​តក់ស្លុត​មួយ​ចំនួន​ ​ដូចជា​ការ​បាត់បង់​មនុស្ស​ជា​ទី​ស្រលាញ់ ប៉ា​ម៉ាក់​លែង​លះ​គ្នា ឬ​គ្រោះថ្នាក់​ផ្សេង​ៗ។​​​បញ្ហា​សុខភាព​​មួយ​ចំនួន​ ដូចជា​ជំងឺ​Bipolar disorders ជំងឺ​បាក់​ទឹក​ចិត្ត ក៏​អាច​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ខឹង​មួម៉ៅ​របស់​កូន​ដែរ។ ប្រសិនបើ​កូន​មិន​អាច​​ដោះស្រាយ​បញ្ហា​នេះ​បាន​ទេ​នោះ ក្មេង​នឹង​អាច​បន្ទោស​ និង​មើល​ងាយ​ខ្លួន​ឯង ព្រម​ទាំង​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ក៏​ដូចជា​ព្យាយាម​ធ្វើបាប​ខ្លួន​ឯង​តាម​គ្រប់​វិធី។​​ការ​ផឹក​គ្រឿង​ស្រវឹង ថ្នាំ​ញៀន​ និង​ជក់បារី​ក៏​អាច​កាត់បន្ថយ​សមត្ថភាព​ក្នុង​ការ​គិត​របស់​ក្មេង​។ លើស​ពី​នេះ សារធាតុ​ទាំង​នេះ អាច​ឲ្យ​កូន​ពិបាក​ផ្ដោត​អារម្មណ៍ កោងកាច ហើយ​ប្រហែល​ជា​៦០​% អាច​ប្រព្រឹត្ត​អំពើ​ហិង្សា និង​ឧក្រិដ្ឋកម្ម​ថែម​ទៀត​ផង។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet