មិនចង់អស់លុយ អ្នកបើកបរយានយន្តតាមដងផ្លូវ ត្រូវភ្ជាប់ឯកសារច្បាប់ដើម៣ប្រភេទតាមខ្លួន អាចចាប់ពីខែកញ្ញាតទៅ

ភ្នំពេញ៖ កាលពីថ្មីៗនេះ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់កាលពី​ព្រឹក ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាវាគ្មិនកម្មវិធីផ្សាយផ្ទាល់ MPWT LIVE SHOW ​ថា៖«សូមជម្រាបថា នៅតាមដងផ្លូវយោងតាមច្បាប់ចរាចរណ៍ផ្លូវគោក គឺឯកសារដែលភ្ជាប់ជាមួយយានយន្ត និង​អ្នក​បើកបរ ​​ត្រូវ​តែ​ភ្ជាប់​​មក​ជាមួយ​ច្បាប់​ដើម ក្នុង​នោះ​ឯកសារ​៣​សំខាន់ៗ​​មាន ប័ណ្ណសម្គាល់យានយន្ត ប័ណ្ណបើកបរយានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យ​លក្ខណបច្ចេកទេស (ឆៀក)។ ឯកសារ​ទាំង​៣​នេះ ​​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​តាម​ដង​ផ្លូវ​គឺ​ស្រប​ច្បាប់ និង​ត្រឹម​ត្រូវ ​​ហើយ​ពុំ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ច្បាប់​ចម្លង​នោះ​ទេ»។ជាមួយគ្នានេះ លោកស្រី បាន​បន្ថែម​​ថា កម្មវិធីកាត់ពិន្ទុលើប័ណ្ណបើកបររបស់អ្នកល្មើសច្បាប់ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បានរៀបចំបង្កើតឡើង អាចនឹងចាប់ផ្តើមអនុវត្តន៍​លើការដកពិន្ទុ​ប័ណ្ណបើកបររបស់អ្នកល្មើសច្បាប់ ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ យ៉ាងណាមិញ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បានរៀបចំឱ្យមានកម្មវិធីដកពិន្ទុនេះ សំដៅលើការ ដកពិន្ទុលើប័ណ្ណបើកបរយានយន្ត ដែលយើងបានកំណត់ រហូតដល់១២ពិន្ទុ ដែលអាចនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីខែកញ្ញា តទៅ ដូច្នេះតម្រូវឱ្យអ្នកបើកបរត្រូវ តែយកមកភ្ជាប់ជាមួយ​នៅតាម​ដងផ្លូវ គឺប័ណ្ណបើកបរនឹងតែម្តង។ គួររំឭកដែរថា ពាក់ព័ន្ធនឹងកម្មវិធីដកពិន្ទុប័ណ្ណបើកបរនេះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ដែរថា ចាប់ពីឆ្នាំ២០២២តទៅ ក្រសួងមិនឱ្យអ្នក​បើក​បរ​ល្មើស​ច្បាប់​បង់លុយហើយ បានរួចខ្លួននោះឡើយ។ ជាវិធានការពិន័យបន្ថែមនោះ ក្រសួងនឹងបង្កើត App ថ្មីមួយទៀត ដើម្បីកត់ពិន្ទុតាមចំនួនកំហុសរបស់អ្នកបើកបរ បើខុសច្រើនដង ប័ណ្ណបើកបរនឹងប្រើការ​លែងបានតែម្តង៕សូមទស្សនារូបភាពខាងក្រោម៖
លោកស្រី កុយ ដានី
រូបភាព
រូបភាព